You Are Here: Home» កីឡាជាតិ , ព័ត៌មានកីឡា » អ្នកឈ្នះ​លើស​ង្វៀន​ស្រា​បៀរ​កម្ពុជា​Arena



ព្រឹត្តិការណ៍​ប្រដាល់​ដែល​ឧបត្ថម្ភ​ដោយ​ស្រា​បៀរ​កម្ពុជា​ដែល​គេ​ប្រសិទ្ធិ​នាម​ថា ​Khmer Fighter លើ​សង្វៀន​បាយ័ន Arena នា​យប់​ថ្ងៃទី​២៦​កក្កដា​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​អ៊ុង វីរៈ​ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​ផ្ដួល​អ្នក​ប្រដាល់​ជនជាតិ​បារាំង Sebastien Billard នៅ​ទឹក​ទី ៤ ។​

​    ​ការប្រកួត​នៅ​ទឹក​ទី ១​ ទោះបី​ស្ថានភាព​ប្រហាក់ប្រហែលគ្នា​ក៏ពិតមែន ​តែ​ចាប់ពី​ទឹក​ទី ២ ទៅ​វីរៈ​ហាក់ដូចជា​ដឹង​ពី​ចំណុចខ្សោយ​របស់ Sebastien Billars នោះគេ​ព្យាយាម​វាយប្រហារ​ជើង​ក្រោម​អ្នក​ប្រដាល់​ជនជាតិ​បារាំង​រូប​នេះ ។  Sebastien មាន​បញ្ហា​ជើង​តាំងពីដើម​ទឹក​ទី ៣​ ម្ល៉េះ​តែ​គេ​ហាក់ដូចជា​ខិតខំ​តស៊ូ​ធ្វើ​ដូចជា​គ្មាន​បញ្ហា​អ្វី ។ មក​ដល់​ទឹក​ទី ៤​​ វីរៈ​ទាត់​មួយ​ជើង​យ៉ាងខ្លាំង​លើ​ឆ្វេង​របស់ Sebastien ធ្វើ​ឲ្យ​អ្នក​ប្រដាល់​បារាំង​រូបនេះ​មិនអាច​បន្ត​ការ​ប្រ​កួត​បាន​ទៀតហើយ​ ចុះចាញ់​តែម្ដង ។​

​    ​គួរ​បញ្ជាក់ថា ​កាលពី​ខែ​មុន​ក្នុង​ព្រឹត្តិការណ៍ Khmer Fighter បែបនេះ​អ្នក​ប្រដាល់​បារាំង​រូបនេះ​ប្រកួត​ឈ្នះ​ អ្នក​ប្រដា​ល់ក​ម្ពុជា ​ចាន់ រតនា​ក្លឹប​ខេ​មរ​ខ្លាហោះ​ដោយ​ពិន្ទុ ។​

​     ​អ្នក​ប្រដាល់​កម្ពុជា​វង្ស ណ​យ​ក្លឹប​កងពលតូច​លេខ ៣១​ ត្រូវ​អ្នក​ប្រដាល់​បារាំង​Raphael Bohic វាយ​ឲ្យ​សន្លប់​ និងមាន​របួសលើ​ចិញ្ចើម​ឆ្វេង​នៅត្រឹម​ទឹក​ទី ២​ ​ប៉ុណ្ណោះ ។​

​    ​អ្នក​ប្រដាល់​បារាំង​រូបនេះ​ហាក់ដូចជា​មិន​ញញើត​នឹង​អ្នក​ប្រដាល់​វង្ស ណ​យ​តាំងពីដើម​ទឹក​ទី ១ ម្ល៉េះ​ទោះបី​ វង្ស ណ​យ​នាំអាទិ៍​លេង​កែង​មុន​តាំងពី​ទឹក​ទី ១ ក៏ដោយ​ក៏​គេ​ហាក់ដូចជា​មិន​រាថយ ឬ ញញើតនឹង​កែង​អ្នក​ប្រដាល់​កម្ពុជា​រូ​បនេះ​ឡើយ ។​

​    ​នៅ​ទឹក​ទី ២ ​ពួកគេ​ចាប់ផ្ដើម​លេង​កែង​ប្ដូរ​គ្នា​ទៅវិញទៅមក​ដោយ​គ្មាន​ញញើត​តែ​កែង Raphael Bohic វាយ​មាន​ប្រសិទ្ធិភាព​ជាង​នោះ​ធ្វើ​ឲ្យ​វង្ស ណ​យ​មាន​របួស​លើ​ចិញ្ចើម​ឆ្វេង​យ៉ាង​ធំ និង សន្លប់​ក្រោក​លែងរួច​តែម្ដង ។​

​     ​មួយគូ​ទៀត​នោះ​អ្នក​ប្រដាល់​កម្ពុជា ឯម វុត្ថា​ក្លឹប​រិ​ទ្ធិ​ពោធិ៍​សែន​ជ័យ​ប្រើពេល​តែ ២ ទឹក​ប៉ុណ្ណោះ​ផ្ដួល​អ្នក​ប្រ​ដាល់​បារាំង Simone ឲ្យ​បោះបង់ចោល​ការប្រកួត ។​

​    ​វុត្ថា​មានប្រៀប​លើ Simone ​តាំងពីដើម​ទឹក​ទី ១​​ ម្ល៉េះ​ហើយ​នៅ​ទឹក​ទី ២​ក្នុងខណៈដែល​ពួកគេ​កៀក​គ្នា​ជាប់​នោះ​ វុត្ថា​អុក​មួយ​ជង្គង់​ចំ​ភ្លៅ Simone ធ្វើ​ឲ្យ Simone ចុក​រមួល​បន្ត​ការប្រកួត​ទៀត​លែងកើត ។​



0 comments

Leave a Reply