
ឯកឧត្ដម
វ៉ាត់ ចំរើន
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឲ្យដឹងថា
សំណើដ៏សំខាន់ខាងលើបានបញ្ជូនទៅ UNESCO ជាង៣ខែមកហើយ។
ថ្វីបើកិច្ចប្រជុំលើកទី ៣៧របស់គណៈកម្មាធិការបេតិកភណ្ឌ
បានធ្វើឡើងនៅរាជធានីភ្នំពេញរយៈពេល១០ថ្ងៃ
កាលថ្ងៃទី១៧ដល់២៧មិថុនាខែមុន
ក្នុងឋានៈកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះក៏ពិតមែន
តែការឆ្លើយតបលើសំណើដាក់បញ្ចូលក្បាច់គុន ល្បុក្កតោ
មិនទាន់ត្រូវបានវាយតម្លៃ
និងឆ្លើយតបនៅឡើយ។ ឯកឧត្ដម វ៉ាត់ ចំរើន
ឯកឧត្ដម វ៉ាត់ ចំរើន បន្តលម្អិតថា
សំណើដ៏មានប្រយោជន៍សម្រាប់កម្ពុជា
នឹងសម្រេចចេញជាលទ្ធផលនៅកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌ
ឆ្នាំក្រោយ។ លោកថា ការអនុម័តរបស់ UNESCO
ត្រូវពឹងផ្អែកលើការសហការជាមួយសមាគមកីឡាយុទ្ធសិល្ប៍
ពិភពលោក (World Martial Arts Union) មានមូលដ្ឋាននៅទីក្រុង Chung
Ju ប្រទេសកូរ៉េខាងត្បូង ដែលមានឯកទេសជំនាញគ្រប់គ្រង
និងវាយតម្លៃលើកីឡាក្បាច់គុនទាំងអស់។
“នៅថ្ងៃទី៥កញ្ញាខាងមុខនេះ
ខ្ញុំនឹងឡើងទៅកូរ៉េដើម្បីចូលរួមក្នុងកិច្ចប្រជុំរបស់សមាគម
យុទ្ធសិល្ប៍ពិភពលោក
ដែលមានតំណាងកីឡាយុទ្ធសិល្ប៍មកពីប្រទេសផ្សេងៗ។
យើងបានជួបពិភាក្សាជាមួយគេប៉ុន្មានដងហើយ
ហើយស្ថានភាពគឺល្អប្រសើរច្រើន។ យើងនឹងជំរុញ
ហើយអ្វីៗនឹងឲ្យតម្រុយកាន់តែច្បាស់ក្រោយការប្រជុំមួយ
នេះ”។ ឯកឧត្ដម វ៉ាត់ ចំរើន បន្ថែម។
ប្រភពដដែលលើកឡើងថា
ជារឿងល្អដល់ប្រជាជនកម្ពុជាទាំងមូល
ប្រសិនបើការព្យាយាមដាក់ល្បុក្កតោឲ្យចូលជាអមតៈក្នុងបញ្ជី
UNESCO បានសម្រេច។ លោកថា ល្បុក្កតោ ជាក្បាច់គុនកេរដំណែល
ដែលមានតម្លៃគ្រប់គ្រាន់ក្នុងការបង្ហាញពីអត្តសញ្ញាណ វប្បធម៌
និងជីវភាពនៃការរស់នៅ នាសម័យដើមរបស់បុព្វបុរសខ្មែរ។
ការស្នើរក្សាល្បុក្កតោទៅក្នុង
បញ្ជីរបស់ UNESCO
គឺជាជំហានចុងក្រោយដ៏ចាំបាច់ណាស់ដើម្បីអភិរក្ស
និងផ្សព្វផ្សាយឲ្យនៅគង់វង្សយូរអង្វែងដល់មរតកអាយុច្រើនទសវត្ស
របស់ជាតិខ្មែរ។ ឯកឧត្ដម វ៉ាត់ ចំរើន ពន្យល់បន្ត៖
“នេះជាការប្រឹងប្រែងគាស់កកាយ ឲ្យប្រជាជនខ្មែរ ស្រលាញ់ និងរួបរួមគ្នាអភិរក្ស
មរតកមានតម្លៃរបស់ដូនតាយើង។ ក្រោយពេលសំណើបានសម្រេច
យើងនឹងប្រឹងបញ្ជ្រាប ល្បុក្កតោ ទៅកាន់ពិភពលោកឲ្យកាន់តែទូលាយ
ពិសេសតំបន់អាស៊ាន ដើម្បីសម្រេចគោលដៅដាក់ ល្បុក្ដតោ
ជាវិញ្ញាសាមួយនៅ ស៊ីហ្គេម២០២៣ ដែលយើងធ្វើជាម្ចាស់ផ្ទះ”។
ល្បុក្កតោ
បានទទួលជោគជ័យក្នុងការចូលជាសមាជិកនៃ
សមាគមកីឡាយុទ្ធសិល្ប៍ពិភពលោក (World Martial Arts Union)
នៅទីក្រុង Chung Ju ប្រទេសកូរ៉េខាងត្បូង
កាលថ្ងៃទី១៨ឧសភា២០០៩។ ដោយឡែកកិច្ចប្រជុំ
គណៈកម្មាធិការបេតិកភណ្ឌ របស់ UNESCO លើកទី៣៨នឹងរៀបចំនៅប្រទេស
កាតារ ឆ្នាំក្រោយ ហើយអ្នកជំនាញរំពឹងថាលទ្ធផលនៃការដាក់
ល្បុក្កតោ
ទៅក្នុងបញ្ជីរបស់អង្គការមួយនេះទៅជាបែបណានឹងដឹងច្បាស់ពេល
នោះ៕

ក្រុមអ្នកហាត់ក្បាច់គុន ល្បុក្កតោ
ប្រភព ៖ Sabay
0 comments