You Are Here: Home» កម្ពុជាអច្ឆរិយៈ , ដំណើរកម្សាន្ដ » តោះ ទៅលេង​​វត្ត​តុំ!

        “ឱ ​ដូន​កែវ​កុំ​ឡើយ​លាក់​ខ្ញុំ ដូន​កែវ​​វត្ត​តុំ​ បង​នឹក​​ម៉ុម​​ណាស់”។ នេះ​​​​ជា​ឃ្លា​ខ្លី​មួយ​​ក្នុង​​បទ​ចម្រៀង​មនោសញ្ចេតនា​​ដ៏​ពីរោះ​រណ្ដំ ​ដែល​មាន​​ចំណង​ជើង​ថា​​​ “ដូន​កែវ​ដួង​ចិត្ត​”​ របស់​លោក​ ណូយ វណ្ណេត។ បទ​នេះ​​បាន​​បរិយាយ​ពី​រឿង​រ៉ាវ​​ស្នេហា​ថ្មោងថ្មី​រវាង​កំលោះ​ទី​ក្រុង​​​ ម្នាក់​ និង​​ក្រមុំ​​ជន​បទ ដែល​មាន​លំនៅ​ដ្ឋាន​ក្បែរ​​​​វត្ត​តុំ ស្ថិត​​​​ក្នុង​ទឹក​ដី​ខេត្ត​តាកែវ​​ នៅ​គ្រា​ដែល​លោក​​បាន​​ទៅ​លេង​​វត្តតុំ​​នោះ​​ ក្នុង​ថ្ងៃ​បុណ្យ​​បញ្ចុះ​ខណ្ឌសីមា​ឆ្លង​​​ព្រះវិហារ​​ថ្មី​​​ រយៈ​ពេល​៣​យប់​៤​ថ្ងៃ។
បុណ្យ​​បញ្ចុះ​ខណ្ឌសីមា​រយៈពេល​​​៣​​យប់​៤​ថ្ងៃ បានធ្វើ​ឲ្យ​កំលោះ​ក្រុង និង​នារី​ជន​បទ​សាង​ទំនាក់​ទំនង​ស្នេហា​នឹង​គ្នា។ សេចក្តី​ស្នេហ៍​បាន​​ដក់​ដាម​យ៉ាង​ជ្រៅ​​ក្នុង​​បេះដូងកំលោះ​ទីក្រុង​​​ រហូត​ដល់​​ដេក​ព្រួយ​ច្រៀង​​ផ្ដាំ​បុប្ផា​ជន​បទ​ កុំ​ឲ្យ​បែក​បែរ​​ចោល​ខ្លួន​ឲ្យ​សោះ។

        ដោយសារ​អត្ថន័យ​នៃ​បទ​ចម្រៀង​​ដ៏លន្លង់លន្លោច​នេះ​ហើយ​ បាន​ធ្វើ​វត្ត​តុំ​​ ដែល​ស្ថិត​នៅ​ជន​បទ​សោះ​ បែរ​ជា​មាន​ឈ្មោះ​បោះ​សំឡេង​នឹង​គេ​ដែរ។ មនុស្សម្នាមួយ​ចំនួន​បាន​​​ទៅ​​លេង​​​វត្ត​នេះ​។ វត្ត​តុំ ​ស្ថិត​នៅ​ស្រុក​ដូន​កែវ ​ខេត្ត​តាកែវ​ មាន​ចម្ងាយ​ប្រមាណ​ជិត​​៨០​​គីឡូម៉ែត្រ​ ពី​​​រាជ​ធានី​ភ្នំពេញ។ បើ​គេ​​​ចាកចេញ​ពី​​រួម​ខេត្ត​តាកែវ​ តាម​ផ្លូវ​ជាតិ​លេខ​២​ ឆ្ពោះ​ទៅ​ស្រុក​គីរីវង់​ ព្រំដែន​កម្ពុជា​-​វៀតណាម​ ប្រមាណ​ជា​៤​គីឡូ​ម៉ែត្រ ​គេ​នឹង​ឃើញ​ខ្លោង​​ទ្វារ​វត្ត​ពណ៌​​មាស​លម្អ​ដោយ​​រចនាបថ​​​ខ្មែរ​​មួយ​​ឈរ ​​ច្រងា​ងនៅ​​ខាង​ឆ្វេង​ដៃ​ ​ក្បែរ​មាត់​ផ្លូវនោះ​​មិន​​ខាន។ ខ្លោង​ទ្វា​នោះ​ហើយ​ គឺ​ជា​ខ្លោង​ទ្វា​វត្ត​តុំ​។
តាម​ពិត ​វត្ត​តុំ​មិន​មែន​ជា​​រមណីយដ្ឋាន​​​​​អី​​អស្ចារ្យ​​នោះ​ទេ តែ​​មនុស្ស​រាល់​គ្នា​ធ្លាប់​​តែ​ឮ​វត្ត​តុំ​ៗ តាម​រយៈ​បទ​ចម្រៀង​ដែល​បាន​រៀបរាប់​យ៉ាង​​ខ្លី​ខាង​លើនេះ​​តែ​ម្ដង។ ​បើ​​​ប្រៀប​​ធៀប​នឹង​វត្ត​អារាម​​នានា​នៅ​ជន​បទ វត្ត​តុំ​ជា​វត្ត​មួយ​​ដែល​​មាន​ទីធ្លា​ និង​ការ​តុបតែង​លើស​​គេ​បន្តិច ហើយ​សម្បូរ​មនុស្ស​មក​​កម្សាន្ត​ច្រើន​​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​ធំ​ៗ​ ម្ដងៗ​ ពិសេស​​បុណ្យ​កឋិន​។

         ខាង​កើត​វត្ត​ ​មាន​​អាង​ស្តុក​ទឹក​ដ៏​ធំ​​​​១​គូ​​ ​ដែល​អ្នក​នៅ​តំបន់​នោះ​ដាក់​ឈ្មោះ​ថា អូរ​តុំ។ អូរ​​តុំ ជា​បឹង​ផ្ទុក​ទឹក​រាប់​ម៉ឺន​ម៉ែត្រ​គួប ​ហើយ​​ជា​ប្រភព​​​ដ៏​ចាំបាច់​បំផុត​​​​បម្រើ​ដល់​ការ​ដាំដុះ​ស្រូវ​ របស់​ប្រជា​កសិករ​នៅ​ទី​​នោះបាន​​១​ឆ្នាំ​បាន​២​ដង ប្រកប​ដោយ​ភោគផល​ខ្ពស់។ អូរ​តុំ ក៏​ជា​កន្លែង​មួយ​​មាន​​ខ្យល់​អាកាស​ត្រជាក់​ស្រេង​​ ដែល​យុវវ័យ​ជំទង់​ៗ​ចូល​ចិត្ត​នាំ​គ្នា​ទៅ​អង្គុយ​និយាយ​គ្នា​លេង​​​​​យ៉ាង​ ​សប្បាយ នៅ​លើ​ស្ពាន​មួយ​ជាប់​មាត់​អូ​រ​តុំ​នោះ​ ហើយ​អ្នក​ស្រុក​មួយ​ចំនួន​​នៅ​ទី​នោះ​ក៏​​តែង​តែង​មក​ងូត​ទឹក​​ដ៏​ថ្លាឈ្វេង ​ ក្នុង​អូរ​តុំ​រាល់​​ល្ងាច​​​​ផង​ដែរ​។

នៅ​​រដូវ​វស្សា ​​​ផ្ទៃ​ទឹក​អូរ​តុំ​ទាំង​មូល​ពេញ​ប្រៀប​ដោយ​​​ទឹក​​ធំ​ល្វឹងល្វើយ​​។ ​បើ​និយាយ​រាល់​បុណ្យ​កឋិន​​នៅ​វត្ត​តុំ​រាល់​ឆ្នាំ អូរ​តុំ​ ​បាន​ដើរ​តួ​ជា​កន្លែង​​​កម្សាន្ត​​​ដ៏​​​​សប្បាយ​​​ ​ដល់​​​អ្នក​ដែល​ទៅ​លេង​វត្ត​នោះ។ នៅ​​តាម​​​​របង​វត្ត​​​លើ​​ផ្ទៃ​ទឹក​​តម្រៀប​ពេញ​​ប្រៀប​ដោយ អូប័រ សម្រាប់​ឲ្យ​​អ្នក​ទៅ​លេង​​ទិញ​សំបុត្រ​ជិះ​​​​បញ្ឆិច​​ចុះ​ បញ្ឆិច​ឡើង​​លើ​ផ្ទៃ​​​ទឹក​ដ៏​ធំល្ហល្ហេវ ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​ត្រជាក់​បរិសុទ្ធ។
បើ​បាន​ទៅ​លេង ឬ​ទៅ​ធ្វើ​ការ​នៅ​ទី​រួម​​​ខេត្ត​តាកែវ​ កុំ​ភ្លេច​ណា​​ ​ហួស​​ទៅ​លេង​វត្ត​តុំ​ម្ដង​មើល​ នោះ​អ្នក​នឹង​បាន​យល់​ថា​ ហេតុ​អ្វី​បាន​ជា​កវីសុខចិត្ត​ចំណាយ​ទឹក​ប៊ិច​របស់​ខ្លួន​ ​មក​ពិពណ៌នាវត្ត​នេះ​ជា​​បទ​ចម្រៀង​ ច្រៀង​ឲ្យ​​​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​បាន​ស្ដាប់​កម្សាន្ត​។ ជា​ពិសេស​​ អ្នកក៏​​នឹង​បាន​ជិះ​អូប័រ​កម្សាន្ត​លេង​​សប្បាយ​បះ​សក់​​នៅ​ទី​នោះ​ផង​ដែរ​ ៕



ប្រភព ៖ Sabay

0 comments

Leave a Reply