រាជធានីភ្នំពេញ ៖ មិនមែនជាលើកទី១នោះទេ
ដែលការប្រកួតប្រដាល់ជាលក្ខណៈអន្តរជាតិរវាងកីឡាករជ័យ កុសល
និងកីឡាករបរទេសនៅលើសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥
បានទទួលការរិះគន់ ។
ភាពចម្រូងចម្រាសនោះកើតឡើងបន្ទាប់ពីការកំណត់លទ្ធផលហាក់ផ្ដល់
ភាពលម្អៀងដល់កីឡាកររូបនេះឲ្យឈ្នះ ឬឲ្យស្មើជាប្រចាំ
ដោយសូម្បីតែក្នុងពេលប្រកួត គេឃើញ ជ័យ កុសល
មានសន្ទុះចាញ់ប្រៀបកីឡាករបរទេសក៏ដោយ ។
ជាក់ស្តែងការប្រកួតជាលក្ខណៈអន្តរជាតិរវាង
កីឡាករជ័យ កុសល និងកីឡាករបារាំង Sebasten កាលពីថ្ងៃព្រហស្បតិ៍ទី១៨
កក្កដា នៅសង្វៀន Beeline Arena ជ្រោយចង្វា
បានទទួលការរិះគន់ស្រដៀងនឹងពេលមុនទៀតហើយ
ដែលការរិះគន់នេះត្រូវគេកត់សម្គាល់ថា
កើតមានឡើងស្ទើរតែគ្រប់ការប្រកួតជាលក្ខណៈអន្តរជាតិទាំងអស់
ដែល ជ័យ កុសល មានមុខឡើងប្រកួតនៅប៉ុស្ដិ៍លេខ៥នោះតែម្ដង ។
យោងតាមការប្រកួត កីឡាករបារាំង
ត្រូវគេឃើញមានប្រៀបលើសលប់លើកីឡាករជ័យ កុសល តាំងពីទឹកទី១
ដោយមិនត្រឹមតែត្រូវកីឡាករបារាំង បំបុកដោយកណ្ដាប់ដៃ កែង
និងម៉ាត់ប៉ុណ្ណោះទេ សូម្បីតែសភាពបោកផ្តួលក៏កីឡាករជ័យ កុសល
ត្រូវគេឃើញដួលផ្ងារជើងភីងៗនៅលើរេញម្ដងជាពីរដង
ដោយកីឡាករបរទេសរូបនោះដែរ។
ប៉ុន្តែនៅពេលប្រកាសលទ្ធផល បែរជាតម្រូវឲ្យជ័យ
កុសល ឈ្នះពិន្ទុ
ដែលជាលទ្ធផលមិនអាចទទួលយកបានក្នុងចង្កោមអ្នកទស្សនាភាគច្រើន
ទាំងនៅសង្វៀនផ្ទាល់ និងនៅតាមកញ្ចក់ទូរទស្សន៍ទៅវិញ ។
មន្ត្រីផ្ដល់ពិន្ទុប្រចាំប៉ុស្ដិ៍លេខ៥បានអះអាងថា ការកំណត់នោះ
គឺដោយសារតែជ័យ កុសល
បានវាយត្រូវកន្លែងសំខាន់ៗរបស់កីឡាករបារាំងបានល្អជាងដៃគូដែល
វាយចេញច្រើនមែនប៉ុន្តែភាគច្រើន គឺមិនត្រូវចំកន្លែងគោលដៅ ។
ការលើកឡើងនេះមិនត្រូវបានអ្នកគាំទ្រទទួលយកឡើយ
ដោយសារតែកន្លងមកគេឃើញជ័យ កុសល ឡើងវ៉ៃដូចគ្នានៅប៉ុស្ដិ៍លេខ៥
ក៏ត្រូវអ្នកផ្ដល់ពិន្ទុដដែលផ្ដល់ពិន្ទុឲ្យស្មើ ឬឈ្នះពិន្ទុ
ហាក់មិនសមហេតុផលរួចទៅហើយ
បើធៀបនឹងការប្រកួតដែលកីឡាកររូបនេះធ្វើបានជាក់ស្ដែង។
ក្រុមអ្នកទស្សនានិយាយថា ជ័យ កុសល មិនខុសពីកែវ
រំចង់ នៅប៉ុស្ដិ៍បាយ័នឡើយ
គឺឲ្យតែឡើងប្រដាល់រមែងត្រូវគេដាក់ឲ្យប្រកួតជាមួយដៃគូខ្សោយ
ជាង ហើយរមែងទទួលបានលទ្ធផលឈ្នះ ឬស្មើ ដោយកម្រឲ្យចាញ់ ។
ជាក់ស្ដែងសូម្បីតែការប្រកួតជាមួយកីឡាករថៃ
កាលសង្វៀនអន្តរជាតិប៉ុស្ដិ៍លេខ៥ស្ថិតនៅស្តាតចាស់ ក៏គេឃើញជ័យ
កុសល បានត្រឹមស្មើពិន្ទុដែរ
ដោយសូម្បីកីឡាករថៃវាយគេឲ្យបែកចិញ្ចើម
និងត្រូវរបួសស្ទើរតែស៊ូមិនដល់ទឹកទី៥ ។
ទោះបីយ៉ាងណា
ក៏មានក្រុមប្រឆាំងមួយក្ដាប់តូចបានលើកឡើងថា
ការផ្ដល់លទ្ធផលឲ្យជ័យ កុសល
ឈ្នះកីឡាករបារាំងគឺជារឿងសមហេតុផលផងដែរ ដោយសំអាងថា
កីឡាករនេះបង្ហាញភាពស៊ូ
ហើយវាយបកលើកីឡាករបារាំងវិញបានចំគោលដៅល្អជាងដៃគូ ។
ចំពោះការប្រកួតរវាងកីឡាករ ChalourtLek ជនជាតិថៃ និងកីឡាករ រឿង
សោភ័ណ្ឌ គឺកីឡាករកម្ពុជាជាអ្នកឈ្នះពិន្ទុ ។
គូនេះធ្វើឲ្យមានសម្រែកហ៊ោកញ្ជ្រៀវកក្រើកសង្វៀន
ដោយសារតែពួកគេបង្ហាញភាពខ្លាំង ហើយត្រូវគេមើលឃើញថា រឿង សោភ័ណ្ឌ
សមនឹងឈ្នះពិន្ទុពិតប្រាកដ
ទើបការផ្ដល់លទ្ធផលនោះបានទទួលការអបអរសាទរ ។
គូអន្តរជាតិទី២ កីឡាករកម្ពុជា លាង ស៊ីពេជ្រ
បែរជាត្រូវសន្លប់ក្រោមដៃកីឡាករថៃ Pravit
ក្នុងទឹកទី២គួរឲ្យភ្ញាក់ផ្អើល ដោយសារតែលាង ស៊ីពេជ្រ
បណ្ដោយឲ្យកីឡាករថៃទាត់ឲ្យខូចជើងស្ដាំធ្ងន់ធ្ងរ ។
ចំពោះគូអន្តរជាតិចុងក្រោយវិញ កីឡាករកម្ពុជា អូត ភូថង
ជាអ្នកផ្ដួលកីឡាករអ៊ូសបេគីស្ថាន Iric
ដែលជាជើងខ្លាំងម្នាក់ឱ្យបោះបង់ការប្រកួតក្នុងទឹកទី២ដោយគ្មាន
ការតវ៉ា ។ គូនេះ ហាក់មិនសូវទាក់ទាញប៉ុន្មានទេ
ដោយសារតែពួកគេប្រកួតមិនទាន់បានប៉ុន្មានផងក៏ដឹងចាញ់ឈ្នះ ៕
ប្រភព ៖ កោះសន្ដិភាព
0 comments